លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០១៩

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ នៅសាលប្រជុំ សាលាខេត្តកំពត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ គណៈអភិបាល ខេត្តប្រចាំខែមិថុនា ឆ្នាំ២០១៩ ដោយកិច្ចប្រជុំ នេះក៏មានការ ចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ ការច្រកទ្វារ សរុបចំនួន ៧១នាក់ ។
កិច្ចប្រជុំនេះមាន របៀបវារៈដូចខាងក្រោម
-ពិនិត្យពិភាក្សាលើ សេចក្តីព្រាងរបាយ ការណ៍ប្រចាំខែមិថុនា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត-ពិនិត្យពិភាក្សាលើសេច ក្តីព្រាងរបាយការណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត -ពិនិត្យ ពិភាក្សាលើការបែង ចែកប្រាក់រង្វាន់លើក ទឹកចិត្តជូនមន្ត្រីរាជការ ខែឧសភា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្តកំពតបានបញ្ជាក់ថា កន្លងមកកិច្ចប្រជុំគណៈអភិបាលខេត្តយើងតែងតែលើកយករបៀបវារៈតែចំនួនបីទៅបួន ដែលមិនអាចឆ្លុះបញ្ចាំងនូវបញ្ហាមិនបានគ្រប់ជ្រុងជ្រោយ ហើយយើងក៏មិនបានប្រមូលខ្លឹមសារបានទូលំទូលាយនោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏ បានដាក់ទិសដៅដោយ តម្រូវឱ្យដំណើរការកិច្ច ប្រជុំគណៈអភិបាលខេត្ត ត្រូវតែដាក់របៀប វារៈយ៉ាងហោចណាស់ ឱ្យបាន១០ចំណុច ដើម្បីដំណើរការ ប្រជុំមានភាពក្បោះក្បាយ ហើយមន្ទីរអង្គភាព ចំណុះរដ្ឋបាលខេត្ត ក៏អាចមានការស្រាយ បំភ្លឺរាល់ចំណុចវិជ្ជមាន និងអវិជ្ជមានប្រកប ដោយភាពច្បាស់លាស់ ថែមទាំងងាយស្រួល ក្នុងការឆ្លើយតបប្រកប ដោយប្រសិទ្ធភាពផងដែរ៕ សេង ណារិទ្ធ